ផ្ទះដែលលក់ឆាប់កាន់តែលឿន គឺអាស្រ័យលើទីតាំងល្អ ស្អាត និងាអាចចូលនៅបានភ្លាមៗ។ ចុះបើផ្ទះដែលធ្លាប់មានមនុស្សចូលនៅហើយ ជាផ្ទះចាស់ តើអ្នកនឹងធ្វើដូចម្តេច? បើតាមបទពិសោធន៍កន្លងមក ផ្ទះចាស់ឬផ្ទះដែលធ្លាប់មានមនុស្សរស់នៅហើយ បើចង់ដាក់លក់ឆាប់ដាច់លឿន អ្នកគួរតែផ្តោតទៅលើកចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន និងគុណភាពផ្ទះរបស់អ្នក។ ១០ចំនុច ខាងក្រោមនេះ នឹងបង្ហាញអ្នកអំពីរបៀបរៀបចំផ្ទះយ៉ាងណាឲ្យលក់ផ្ទះឆាប់ដាច់
១. សម្ភារៈកំប៉ិចកំប៉ុក ៖ ម្ចាស់ផ្ទះមួយចំនួន មិនសូវចាប់អារម្មណ៍ទៅលើ របស់របរកំប៉ិចកំប៉ុកដែលនៅក្នុងផ្ទះរបស់គាត់នោះ ទេ ដូចជា សម្ភារៈផ្ទាល់ខ្លួន រូបថតនានា ដែលបានដាក់ភ្ជួរតាមជញ្ជាំង ឬដាក់នៅតាមគន្លាតចន្លោះនានានៅក្នុងផ្ទះរបស់គាត់ គឺគាត់មិនខ្វល់យកចេញឬបោះចោល ដោយគិតថាមិនទាន់ដល់រើចេញ។ តាមពិតទៅ គាត់គួរតែរើរបស់ទាំងនៅចេញ ដើម្បីធ្វើឲ្យអតិថិជនដែលមកមើលផ្ទះរបស់គាត់ មើលឃើញកន្លែងទំនេរដែលអាចដាក់របស់គាត់បាននៅពេលអតិថិជនសម្រេចចិត្តទិញ។ ទីកន្លែងដែលគាត់គួរផ្តោតយកសម្ភារៈទាំងនោះចេញនៅ មានដូចជា កន្លែងចង្រ្កានបាយ កន្លែងទទួលភ្ញៀវជាដើម។ បើយ៉ាងហោចណាស់ ក៏ត្រូវរៀបចំឲ្យមានរបៀបរៀបរយល្អដែរ។
២. សម្អាតឲ្យស្អាត ៖ ផ្ទះស្អាត មានសណ្តាប់ធ្លាប់ ជាការទាក់ទាញដល់អារម្មណ៍របស់អតិថិជនដែលមកទស្សនាដំបូង។ រាល់ការសម្អាត អ្នកត្រូវតែយកចិត្តទុកដាក់ ផ្ជិតផ្ចង់បំផុត។ ទីតាំងដែលភ្ញៀវតែងតែពិនិត្យដំបូងគេនោះ ដូចជាការ៉ូ បង្អួច និងបន្ទប់ទឹក។ ទីតាំងទាំង៣នេះ អ្នកគួរតែមានភាពល្អិតល្អន់នឹងសម្អាតឲ្យស្អាតបំផុតតាមតែអាចធ្វើបាន ព្រោះជាទីតាំងដែលភ្ញៀវងាយនឹងទទួលអារម្មណ៍ល្អ ទាក់ចិត្តខ្លាំងណាស់។
៣. បរិវេនខាងក្រៅ ៖ ប្រសិនបើផ្ទះរបស់អ្នក ជាប្រភេទផ្ទះវីឡាដែលមានទីធ្លាខាងក្រៅទោះតូចក្តី ផ្នែកខាងក្រៅនៃផ្ទះឬសោភ័ណភាពនៃផ្នែកខាងក្រៅរបស់អ្នកគឺសំខាន់ណាស់។ សូមធ្វើការសម្អាតផ្លូវដើរ និងកាត់ស្មៅឲ្យបានស្អាត ឬក្នុងទីធ្លារបស់អ្នកមានដាំផ្កា ឬមានកន្លែងណាដែលមានស្មៅងាប់មិនស្រស់ សូមធ្វើការបន្ថែមនិងធ្វើការស្រោចទឹកឲ្យមើលទៅភាពស្រស់ស្អាតបែបធម្មជាតិពិតៗ។ ពណ៌ផ្ទះ ក៏គួរតែលាបឲ្យស្អាតដែរ ដើម្បីកុំឲ្យអតិថិជនចូលមើលឃើញផ្ទះរបស់អ្នកមានសភាពចាស់នោះឡើយ។
៤. ធ្វើការជួសជុល ៖ នៅពេលអ្នកធ្វើការសម្រេចចិត្តដាក់លក់ផ្ទះ អ្នកត្រូវតែធ្វើការជួសជុលរាល់កំហូចនានាឲ្យបានស្អាតរួចរាល់ មុនពេលអនុញ្ញាតឲ្យអតិថិជនមកមើលផ្ទះ។ ស្នាមប្រេះ ស្នាមប្រឡាក់ អំពូលភ្លើង កុងតាក់ភ្លើង និងប្រព័ន្ធទឹក ត្រូវតែលាប និងជួសជុលឲ្យស្អាតរួចរាល់។ សូមកុំគិតថា ការជួសជុលទាំងអស់នេះ ជាការទទួលខុសត្រូវរបស់អ្នកទិញនោះឡើយ។ បើអ្នកគិតបែបនេះ ផ្ទះរបស់អ្នកនឹងមិនលក់ចេញនោះឡើយ។
៥. លំហ ៖ កំឡុងពេលដែលអ្នកកំពុងធ្វើការជួសជុល អ្នកគួរតែបង្កើតគំនិតរក្សាលំហក្នុងបន្ទប់របស់អ្នកឲ្យបានកាន់តែធំ និងបែបធម្មជាតិឲ្យបានច្រើន។ ចំនុចស្រដៀងនឹងចំនុចទី១ដែរ ប៉ុន្តែតម្រូវឲ្យអ្នកប្រើការច្នៃប្រឌិតក្នុងការតុបតែងបែបសាមញ្ញ រក្សាលំហ ដើម្បីបង្កើនភាពទាក់ទាញ។ ថ្នាំពណ៌ស ជាពណ៌ដែលអ្នកគួរតែពិចារណា បង្កើតលំហនៃអាគារ។
៦. បង្កើតយុទ្ធសាស្ត្រទាក់ទាញ ៖ ការរៀបចំនូវគ្រឿងសង្ហារឹម គួរណាស់រំលេចឲ្យមានលក្ខណៈពិសេស និងល្អបំផុត។ ការបន្ថែមផ្កាស្រស់ៗ ឬផ្លែឈើស្រស់ត្រឹម១ចាន ក៏ជាផ្នែកនៃការទាក់ទាញផងដែរ។ បន្ថែមលើសនេះ ក្លឹនក្រអូបស្រាលៗ ក៏ជាផ្នែកសំខាន់ក្នុងទាញចំណាប់អារម្មណ៍ និងផ្តល់ភាពកក់ត្តៅដល់អតិថិជនរបស់អ្នកផងដែរ។
៧. បរិយាកាស ៖ ក្លឹនក្នុងផ្ទះ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវ បើផ្ទះមានក្លិនក្រអូប បរិយាកាសខ្យល់បរិសុទ្ធនឹងជំរុញដល់ការចាប់អារម្មណ៍របស់ភ្ញៀវ។ អ្នកគួរតែសម្អាតកំរាល់ព្រំ កម្រាលពូក ក្លិនផ្សែង និងក្លិនសត្វចិញ្ចឹមឲ្យបានស្អាត។
៨. ពន្លឺគ្រប់គ្រាន់ ៖ ពន្លឺក្នុងផ្ទះមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលមានអតិថិជនមកទស្សនាផ្ទះរបស់អ្នក អ្នកត្រូវធ្វើយ៉ាងណាឲ្យមានពន្លឺគ្រប់គ្រាន់ក្នុងបរិវេនក្នុងផ្ទះរបស់អ្នក។ សូមបើកវាំងនន ដើម្បីឲ្យមានពន្លឺព្រះអាទិត្យចូល ដើម្បីបង្ហាញដែលអតិថិជនអ្នកថា ផ្ទះអ្នកមានពន្លឺ។ បន្ថែមលើសនេះ កុំភ្លេចបើកកញ្ចក់ផង ដើម្បីឲ្យអតិថិជនទទួលបានអារម្មណ៍នៃខ្យល់បរិសុទ្ធ បានរត់ឆ្លងកាត់ក្នុងផ្ទះរបស់អ្នក។
៩. ត្រៀបឯកសារចាំបាច់ ៖ បន្ទាប់ពីរៀបចំបរិយាកាសក្នុងផ្ទះបានរួចរាល់ អ្វីដែលអ្នកត្រូវបន្ទាប់នោះគឺ ការរៀបចំឯកសារសំខាន់ៗមួយចំនួន ក្នុងសឺម៉ីតែមួយឲ្យបានរួចរាល់។ ឯកសារសំខាន់ៗទាំងនោះរួមមាន បណ្ណកម្មសិទ្ធ លិខិតទិញលក់ ឯកសារបង់ពន្ធ លិខិតអនុញ្ញាតសាងសង់(បើមាន)..។ ត្រូវតែធ្វើបច្ចុប្បន្នភាពឲ្យបានរួចរាល់ ដើម្បីត្រៀមសម្រាប់ការស្នើរពិនិត្យរបស់អតិថិជន។
១០. ធ្វើការជាមួយអ្នកជំនាញ ៖ មូលហេតុធំដែលផ្ទះលក់មិនចេញ ឬចំណាយពេលយូរក្នុងការលក់ គឺម្ចាស់ផ្ទះមិនបានធ្វើការជាមួយអ្នកជំនាញពិតប្រាកដ។ ពេលខ្លះម្ចាស់ផ្ទះស្វែងរកដោយខ្លួនឯង ព្រោះមិនចង់បង់ថ្លៃដល់ភ្នាក់ងារលក់ ហើយពេលខ្លះម្ចាស់ផ្ទះ បានធ្វើការជាមួយភ្នាក់ងារដែលពុំមានជំនាញពិតប្រាកដ។ ភ្នាក់ងារពិតប្រាកដ ធ្វើការដោយស្មោះត្រង់ និងតែងជួយដោះស្រាយកង្វល់របស់ម្ចាស់ផ្ទះនិងអ្នកទិញបានល្អ។ ភ្នាក់ងារលក់ដែលមានស្ថាបនត្រឹមត្រូវ និងមានវិជ្ជាជីវៈច្បាស់លាស់ នឹងជួយនាំអតិថិជនល្អៗ មកជួបម្ចាស់ផ្ទះល្អ។
ចំនុចទាំង១០ខាងលើដែលបានលើកឡើងមកនេះ គ្រាន់តែជាជំនួយខ្លះៗដើម្បីជួយឲ្យលោកអ្នកដែលមានបំណងចង់លក់ផ្ទះឲ្យបានលឿន ឆាប់ទទួលការចាប់អារម្មណ៍ពីអ្នកទិញប៉ុណ្ណោះ។ លោកអ្នកអាចយកគំនិតទាំងនេះ ទៅពិចារណាតាមការគួរជាក់ស្តែង តាមកាលៈទេសៈនិងស្ថានភាពផ្ទះរបស់លោកអ្នកផ្ទាល់។ ប្រសិនបើលោកអ្នកមានគំនិតមតិយោបល់លើលជាងនេះ សូមផ្តល់មតិក្នុងខមិនខាងក្រោម ឬបើលោកអ្នកចង់បានទទួលការប្រឹក្សានានា សូមទំនាក់មកកាន់យើងខ្ញុំអ៊ីម៉ែល ឬតេលេក្រាមផ្ទាល់។ អរគុណដែលបានអាន!
