គន្លឺះល្អសម្រាប់អ្នកទិញផ្ទះដំបូង
ចំពោះអ្នកដែលមានវ័យក្មេងៗ ដែលមានអាយុចន្លោះ១៨-៣៥ឆ្នាំ តែងតែមានក្តីស្រម៉ៃ និងរំភើបចំពោះការទិញផ្ទះក្នុងក្តីស្រម៉ៃរបស់ខ្លួន។ នេះជាមោទតកភាពនៃឪពុកម្តាយគ្រប់គ្នា ដែលកូនខ្លួនមានគោលដៅចង់រីកចម្រើនសម្រាប់អនាគតរបស់ពួកគេ។ ទោះបីជាការទិញផ្ទះក្នុងក្តីស្រម៉ៃ ជារឿងរំភើបរីករាយ ប៉ុន្តែសម្រាប់អ្នកដែលទិញផ្ទះជាលើកទី១ វារឿងស្មុគស្មាញ និងពិបាកសម្រេចចិត្តខ្លាំងណាស់ ព្រោះថា ការទិញផ្ទះ បើយើងមិនយល់ច្បាស់នេះទេ នឹងនាំបញ្ហាដល់ខ្លួន និងគ្រួសារ ហើយមានអ្នកខ្លះ កើតមានបញ្ហាផ្លូវចិត្ត រហូតបាត់បង់សតិក៏មាន។ ដូច្នេះ យើងត្រូវប្រាកដថា ការសម្រេចិត្តរបស់អ្នក ត្រូវបានឆ្លងកាត់ការគិតពិចារណាបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។
ការទិញផ្ទះ ត្រូវការមានផែនការ ៖ ការមានផែនការច្បាស់លាស់មុនធ្វើការសម្រេចិត្តទិញផ្ទះ អាចជួយឲ្យយើងដឹងពីចំនុចចាប់ផ្តើមថាត្រូវធ្វើអ្វីមុនគេ និងដែនកំណត់ថាត្រូវឈប់នៅត្រង់ណា។ ផែនការរបស់អ្នក គួរតែរាប់បញ្ចូលទាំងការដាក់គោលដៅ និងគំរោងថវិការច្បាស់លាស់ មុនពេលអ្វីៗដំណើរការ។
ខាងក្រោមនេះ ជាគំនិតខ្លះៗ ដែលអាចជួយអ្នកដែលចង់ទិញផ្ទះទទី១របស់ពួកគេ៖
១. រៀបគំរោងថវិការ៖ តើអ្នកនឹងកំណត់ថវិការប៉ុន្មានសម្រាប់ការទិញផ្ទះរបស់អ្នក? ការទិញផ្ទះ មិនមែនចេះតែទិញតាមការនឹកឃើញឬភាពចង់បានដោយព្រោះតែវាចាំបាច់នោះទេ។ ពិតប្រាកដណាស់ អ្នកខ្លះការមានផ្ទះ គឺជារឿងចាំបាច់សម្រាប់គ្រួសារ(ពិសេសអ្នកទើបរៀបការថ្មីៗ) ប៉ុន្តែលោកអ្នកត្រូវការមានផែនការមុនសិនលើរឿងថវិការ។ ប្រសិនបើអ្នកពិតជាចង់បានផ្ទះមែន ចាប់ផ្តើមរៀបចំគំរោងថវិការរបស់លោកអ្នកពីពេលឥលូវនេះទៅ។ ឧទាហរណ៍ថា អ្នកចង់បានផ្ទះនៅក្នុងពេល៥ឆ្នាំខាងមុខ តើអ្នកត្រូវការថវិការប៉ុន្មាន? អ្នកត្រូវធ្វើការស្រាវជ្រាវនិងប៉ាន់ស្មានតម្លៃសម្រាប់៥ឆ្នាំខាងមុខ ដើម្បីប្រាកដថា អ្នកមិនបានធ្វើខុសផែនការ។
២. ពិនិត្យចំណូលចំណាយរបស់អ្នក ៖ ដើម្បីធ្វើឲ្យសម្រេចតាមផែនការដែលអ្នកដាក់ អ្នកត្រូវតែមានទំលាប់ក្នុងការត្រួតពិនិត្យចំណូលចំណាយជាប្រចាំ។ ការធ្វើបែបនេះ នឹងជួយឲ្យអ្នកមានការប្រុងប្រយ័ត្នក្នុងការចំណាយ។ តុល្យភាពថវិការ ក្នុងកុងធានាគារបស់អ្នក បង្ហាញថា អ្នកជាមនុស្សម៉ត់ចង់ និងជាមនុស្សច្បាស់លាស់ក្នុងគោលដៅពិតប្រាកដ។
៣. ដឹងពីរបៀបបង់ប្រាក់ ៖ បន្ទាប់ពីអ្នកធ្វើបានចំនុចទាំង២ខាងលើ អ្វីដែលអ្នកត្រូវការគិតបន្ទាប់ គឺត្រូវត្រៀមខ្លួនកំណត់ទុកជាមុនសម្រាប់ការបង់ប្រាក់។ ចំនុចគឺអាស្រ័យ ទៅតាមគម្រោងថវិការសម្រាប់ការទិញផ្ទះដែលអ្នកបានរៀបចំ និងលំហូរសាច់ប្រាក់ ដែលអ្នកបានចាត់ចែងជាប្រចាំ។ ការដឹងជាមុន ជួយឲ្យអ្នកកាត់បន្ថយហានិភ័យផ្សេងៗដែលនឹងកើតឡើងដោយមិនបានគ្រងទុក ជាក់ស្តែងដូចជាវិបត្តិសេដ្ឋកិច្ច និងនយោបាយ ក្នុងតំបន់និងពិភពលោក។
៤. ស្វែងរកភ្នាក់ងារស្មោះត្រង់ម្នាក់ ៖ ភ្នាក់ងារលក់ជាផ្នែក១ដ៏សំខាន់ ដែលអាចជួយអ្នកក្នុងការសម្រេចផែនការ។ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្ន ព្រោះថាមិនមែនភ្នាក់ងារទាំងអស់សុទ្ធតែស្មោះត្រង់នោះទេ។ អ្នកត្រូវការភាពឆ្លាតវៃរបស់អ្នកក្នុងការសង្កេតមើលភ្នាក់ងារដែលបានជួប និងពិភាក្សា។ អ្នកត្រូវការស្តាប់ឲ្យបានច្រើន និងយកចិត្តទុកដាក់ និងបើអាចអ្នកត្រូវការសិក្សាពីប្រវត្តិការងាររបស់អ្នកភ្នាក់ងារដែលបានជួបទាំងអស់ ដើម្បីធ្វើឲ្យប្រាកដថា អ្នករកបានភ្នាក់ងារត្រឹមត្រូវ ស្មោះត្រង់និងមានវិជ្ជាជីវៈច្បាស់លាស់។ ជាដំបូង កុំបង្ហាញថាអ្នកកំពុងស្វែងរកទិញផ្ទះ តែអ្នកត្រូវធ្វើជាអ្នកដែលចង់រៀនសូត្រ ចង់បានចំណេះដឹង និងបទពិសោធពីពួកគេ ឲ្យបានច្រើន នោះអ្នករកបានភ្នាក់ងារល្អម្នាក់សម្រាប់ស្វែងរកផ្ទះសម្រាប់អ្នក។
៥. ស្វែងរកទីតាំង ៖ ក្រោយពីបានស្តាប់និងរៀនបានច្រើនពីគេហើយ អ្នកត្រូវការកំណត់ទីតាំងផ្ទះដែលអ្នកចង់បាន។ ទីតាំងដែលអ្នកជ្រើសរើស ត្រូវតែស្រមជាមួយគំរោងថវិការរបស់អ្នក។ ជាមួយគ្នា ត្រូវដឹងថា ទីតាំងដែលអ្នកសន្មត់យក នឹងកំណត់បរិបទរស់នៅរបស់អ្នក។
៦. ប្រភេទផ្ទះដែលអ្នកចង់បាន(បង្កើនចំណូលឬស្នាក់នៅ) ៖ ប្រភេទផ្ទះដែលអ្នកចង់បាន ត្រូវតែសមមូល នឹងគំរោងថវិការ និងទីតាំងដែលអ្នកជ្រើសរើស។ ផ្ទះមាន២ប្រភេទ ១ ផ្ទះសម្រាប់ស្នាក់នៅ និង១ទៀត សម្រាប់រកស៊ី ប៉ុន្តែក៏អាចស្នាក់នៅផងរកស៊ីផងបានដែរ។ ប្រសិនបើយើងរកទីតាំងផ្ទះដែលអាចធ្វើទាំង២កាន់តែប្រសើរ ព្រោះវានឹងជួយកាត់បន្ថយការចំណាយ ហើយជួយបង្កើនចំណូលដល់អ្នកវិញ។ បើអ្នកឧស្សាហ៍ អ្នកនឹងទទួលបានតាមការចង់បានរបស់អ្នក។
៧. ត្រួតពិនិត្យផ្ទះមុនសម្រេចចិត្ត ៖ ខ្ញុំឧបមាថា អ្នកបានធ្វើតាមចំនុចទាំង៦ខាងលើរួចរាល់ហើយ ដូច្នេះពេលអ្នកទៅមើលផ្ទះជាមួយភ្នាក់ងារ ត្រូវតែពិនិត្យមើលផ្ទះឲ្យបានម៉ត់ចត់ ទាំងគុណភាពសំណង់ និងបរិយាកាសជុំវិញផ្ទះ។ លើសពីនេះ ត្រូវតែពិនិត្យមើលលើភាពស្របច្បាប់នៃអចលទ្រព្យ ដែលបានទៅមើលនោះឲ្យបានត្រឹមត្រូវ ជៀសវាងការខាតបង់ថវិការរបស់អ្នក។
ចំណុចទាំង៧ខាងលើនេះ មិនធានាថាគ្រប់ជ្រុងជ្រោយនោះទេ តែវាជាមគ្គុទេសខ្លះៗ សម្រាប់ជួយនាំផ្លូវលោកអ្នកដើម្បីសម្រេចក្តីស្រម៉ៃរបស់លោកអ្នក។ ការសម្រេចិត្ត គឺស្ថិតនៅលើកអ្នក ហើយអ្វីដែលលោកអ្នកត្រូវការបន្ថែមនោះគឺ ភាពវ៉ៃឆ្លាត និងភាពរហ័សរហួន។ មតិចុងក្រោយរបស់ខ្ញុំគឺ សូមកុំងប់ងុល នឹងផ្ទះដែលអ្នកស្រឡាញ់ពេញចិត្តខ្លាំងពេក សូមដើរមើលឲ្យបានច្រើន សួរឲ្យបានច្រើន និងយល់ឲ្យបានច្រើន។
ខ្ញុំសង្ឃឹមថា អត្ថបទខ្លីនេះអាចជួយជាគំនិតខ្លះៗដល់លោកអ្នក។ បើមានសំណួរផ្សេងៗ លោកអ្នកអាចខមិនខាងក្រោមអត្ថបទនេះ ឬទាក់ទង់មកខ្ញុំផ្ទាល់ ដើម្បីបន្តពិភាក្សាលើប្រធានបទខាងលើនេះបាន។
ខ្ញុំរងចាំមតិយោបល់ស្ថាបនានានា ពីលោកអ្នក!







